ការចុះឈ្មោះអ្នកបោះឆ្នោតតាមលក្ខខណ្ឌ
អ្នករស់នៅក្នុងខោនធី Los Angeles ដែលមានសិទ្ធិបោះឆ្នោត ប៉ុន្តែខកខានកាលបរិច្ឆេទផុតកំណត់នៃការចុះឈ្មោះអ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោតណាមួយ នៅតែអាចទៅបោះឆ្នោតបាននៅមជ្ឈមណ្ឌលបោះឆ្នោតណាមួយក្នុងខោនធី Los Angeles។ យោងតាមច្បាប់ស្តីពីការបោះឆ្នោតរបស់រដ្ឋកាលីហ្វ័រញ៉ា ការចុះឈ្មោះអ្នកបោះឆ្នោតតាមលក្ខខណ្ឌ (Conditional Voter Registration ឬ CVR) អនុញ្ញាតឱ្យអ្នកដែលមានបំណងចុះឈ្មោះបោះឆ្នោត អាចចុះឈ្មោះជាបណ្តោះអាសន្ន និងបោះឆ្នោតបាន។
របៀបដែលដំណើរការនេះប្រព្រឹត្តទៅ៖
- អ្នកបោះឆ្នោតដែលមានសិទ្ធិគ្រប់រូបអាចទៅកាន់មជ្ឈមណ្ឌលបោះឆ្នោតណាមួយក្នុងខោនធី ក្នុងអំឡុងពេល 11 ថ្ងៃនៃការបោះឆ្នោត។
- នៅពេលទៅដល់មជ្ឈមណ្ឌលបោះឆ្នោត អ្នកបោះឆ្នោតដែលមានសិទ្ធិនឹងបំពេញពាក្យស្នើសុំចុះឈ្មោះបោះឆ្នោតតាមលក្ខខណ្ឌ (CVR)។
- បន្ទាប់មក អ្នកបោះឆ្នោតនឹងទទួលបានសន្លឹកឆ្នោតសម្រាប់ការចុះឈ្មោះបោះឆ្នោតតាមលក្ខខណ្ឌ (CVR) ដើម្បីយកទៅប្រើជាមួយឧបករណ៍សម្គាល់សន្លឹកឆ្នោតស៊េរីថ្មី ដែលអាចប្រើប្រាស់បានយ៉ាងងាយស្រួលសម្រាប់មនុស្សគ្រប់រូប រួមទាំងជនមានពិការភាព។
- បទពិសោធន៍របស់អ្នកបោះឆ្នោតក្នុងការអាន និងសម្គាល់ជម្រើសលើសន្លឹកឆ្នោតនឹងនៅដដែល។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីព្រីនសន្លឹកឆ្នោតលើក្រដាសរួច អ្នកបោះឆ្នោតនឹងត្រូវបានណែនាំឱ្យប្រគល់សន្លឹកឆ្នោតនោះទៅឱ្យមន្ត្រីបោះឆ្នោត។
- នៅពេលពាក្យស្នើសុំចុះឈ្មោះអ្នកបោះឆ្នោតតាមលក្ខខណ្ឌ (CVR) ត្រូវបានផ្ទៀងផ្ទាត់រួចរាល់ សន្លឹកឆ្នោតរបស់អ្នកបោះឆ្នោតនឹងត្រូវបានរាប់ ហើយការចុះឈ្មោះបោះឆ្នោតរបស់អ្នកនឹងនៅតែមានសុពលភាព។
- បន្ទាប់មក អ្នកបោះឆ្នោតអាចមានសិទ្ធិចូលរួមបោះឆ្នោតនាពេលអនាគតក្នុងការបោះឆ្នោតណាមួយ។
ការចុះឈ្មោះបោះឆ្នោតតាមលក្ខខណ្ឌពីចម្ងាយ
តើការចុះឈ្មោះបោះឆ្នោតតាមលក្ខខណ្ឌពីចម្ងាយជាអ្វី?
ការចុះឈ្មោះបោះឆ្នោតតាមលក្ខខណ្ឌពីចម្ងាយ អនុញ្ញាតឱ្យអ្នកបោះឆ្នោតមួយចំនួនដែលមិនបានចុះឈ្មោះមុនថ្ងៃផុតកំណត់ 15 ថ្ងៃមុនការបោះឆ្នោតនឹងមកដល់ អ្នកបោះឆ្នោតអាចបំពេញពាក្យចុះឈ្មោះ និងបោះឆ្នោតដោយប្រើសន្លឹកឆ្នោតបណ្តោះអាសន្នពីចម្ងាយ ដោយចាប់ផ្តើមពី 14 ថ្ងៃមុនថ្ងៃបោះឆ្នោតនឹងមកដល់។
តើខ្ញុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការចុះឈ្មោះជាអ្នកបោះឆ្នោតតាមលក្ខខណ្ឌពីចម្ងាយដែរឬទេ?
អ្នកបោះឆ្នោតដែលបម្រើការក្នុងជួរកងទ័ព អ្នកបោះឆ្នោតដែលរស់នៅក្រៅប្រទេស និងអ្នកបោះឆ្នោតដែលមានពិការភាព អាចបំពេញការចុះឈ្មោះអ្នកបោះឆ្នោតតាមលក្ខខណ្ឌពីចម្ងាយ និងបោះឆ្នោតដោយប្រើសន្លឹកឆ្នោតបណ្តោះអាសន្នពីចម្ងាយបាន។ សេវានេះមានគោលបំណងផ្តល់ជូនអ្នកបោះឆ្នោតក្នុងក្រុមខាងលើ ដែលមិនទាន់បានចុះឈ្មោះ និងមិនអាចទៅកាន់មជ្ឈមណ្ឌលបោះឆ្នោតក្នុងអំឡុងពេលបោះឆ្នោតដោយផ្ទាល់បាន។ ប្រសិនបើអ្នកបានចុះឈ្មោះជាអ្នកបោះឆ្នោតរួចហើយ អ្នកមិនចាំបាច់ប្រើសេវានេះទេ ហើយអ្នកអាចបោះឆ្នោតដោយប្រើសន្លឹកឆ្នោតតាមប្រៃសណីយ៍ដែលអាចចូលប្រើបានពីចម្ងាយ ដោយចូលទៅកាន់ lavote.gov/ravbm។
ជំហានក្នុងការបំពេញការចុះឈ្មោះបោះឆ្នោតតាមលក្ខខណ្ឌពីចម្ងាយ
ជំហានទី 1 ៖ ផ្ទៀងផ្ទាត់ការចុះឈ្មោះបោះឆ្នោតរបស់អ្នក
ប្រសិនបើអ្នកជាអ្នកបោះឆ្នោតដែលបានចុះឈ្មោះជាអ្នកបោះឆ្នោតរួចហើយ អ្នកមិនចាំបាច់ប្រើសេវានេះទេ។ ដើម្បីផ្ទៀងផ្ទាត់ការចុះឈ្មោះរបស់អ្នកសូមចុចទីនេះ។ ប្រសិនបើអ្នកបានចុះឈ្មោះរួចហើយ អ្នកអាចបោះឆ្នោតធម្មតា តាមប្រៃសណីយ៍ ដោយផ្ទាល់ ឬដោយប្រើ សន្លឹកឆ្នោតតាមប្រៃសណីយ៌ដែលអាចចូលប្រើបានពីចម្ងាយ RAVBM ហើយអាចរំលងជំហានដែលនៅសល់ខាងក្រោមនេះបាន។
ជំហានទី 2 ៖ ចុះឈ្មោះតាមអ៊ីនធឺណិត
- ចុចទីនេះដើម្បីចុះឈ្មោះតាមអុីនធើណិត។ សូមកត់ត្រាលេខចុះឈ្មោះដែលបានផ្តល់ជូនអ្នក ព្រោះលេខនេះនឹងជួយឱ្យយើងដំណើរការការចុះឈ្មោះរបស់អ្នកបានលឿនជាងមុន។
- ប្រសិនបើអ្នកមិនមានប័ណ្ណបើកបរ ឬប័ណ្ណសម្គាល់អត្តសញ្ញាណរបស់រដ្ឋកាលីហ្វ័រញ៉ាទេ អ្នកជាចាំបាច់ត្រូវបំពេញពាក្យចុះឈ្មោះ ចុះហត្ថលេខា និងផ្ញើពាក្យចុះឈ្មោះនោះ។
- អ្នកត្រូវតែបញ្ចូលអាសយដ្ឋានអ៊ីមែលរបស់អ្នកក្នុងពាក្យចុះឈ្មោះនោះ។
- ប្រសិនបើអ្នកមិនបានផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណដែលតម្រូវឱ្យមាននៅពេលចុះឈ្មោះទេ អ្នកអាចនឹងត្រូវបានចាត់ទុកថាជាអ្នកបោះឆ្នោតលើកដំបូង ហើយចាំបាច់ត្រូវផ្តល់ភស្តុតាងបញ្ជាក់ទីលំនៅ។
ជំហានទី 3 ៖ ជូនដំណឹងដល់ការិយាល័យរបស់យើងថា អ្នកមានបំណងបោះឆ្នោតដោយប្រើសន្លឹកឆ្នោតបណ្តោះអាសន្ន តាមរយៈការចុះឈ្មោះអ្នកបោះឆ្នោតតាមលក្ខខណ្ឌពីចម្ងាយ។
យោងតាមបទបញ្ជារដ្ឋ ដើម្បីឲ្យការិយាល័យរបស់យើងអាចដំណើរការចុះបញ្ជីអ្នកបោះឆ្នោតមានលក្ខខណ្ឌរបស់អ្នកពីចម្ងាយ អ្នកត្រូវតែជូនដំណឹងមកយើង។ សូមចុចទីនេះ ដើម្បីជូនដំណឹងការិយាល័យរបស់យើងថាអ្នកចង់ប្រើសេវាកម្មនេះ។
ជំហានទី 4 ៖ បោះឆ្នោតដោយប្រើសន្លឹកឆ្នោតពីចម្ងាយ
បន្ទាប់ពីអ្នកបានជូនដំណឹងដល់ការិយាល័យរបស់យើងថា អ្នកមានបំណងបោះឆ្នោតដោយប្រើសន្លឹកឆ្នោតបណ្តោះអាសន្ន តាមរយៈការចុះឈ្មោះអ្នកបោះឆ្នោតតាមលក្ខខណ្ឌពីចម្ងាយ ការិយាល័យរបស់យើងនឹងទាក់ទងទៅអ្នក។ យើងនឹងផ្តល់ការណែនាំដល់អ្នក រួមទាំងរបៀបបំពេញសន្លឹកឆ្នោតតាមប្រៃសណីយ៍ដែលអាចចូលប្រើបានពីចម្ងាយ។