Skip to Content

សំណួរ-ចម្លើយដែលសួរញឹកញាប់អំពីការចុះឈ្មោះអ្នកបោះឆ្នោត

តើនរណាខ្លះអាចមានសិទ្ធិចុះឈ្មោះបោះឆ្នោតបាន?

លក្ខខណ្ឌនៃសិទ្ធិចុះឈ្មោះបោះឆ្នោត

អ្នកអាចចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតបាន ប្រសិនបើអ្នកមានលក្ខណៈសម្បត្តិដូចខាងក្រោម៖ 

បុគ្គលមានប្រវត្តិពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ ដែល
អាចចុះឈ្មោះបោះឆ្នោតបាន៖

  • នៅក្នុងពន្ធនាគារខោនធី (County Jail)៖
    • កំពុងអនុវត្តទោសក្នុងពន្ធនាគារសម្រាប់បទមជ្ឈិម (បទមជ្ឈិមមិនប៉ះពាល់ដល់សិទ្ធិបោះឆ្នោតរបស់អ្នកឡើយ)
    • ដោយសារការជាប់ពន្ធនាគារជាលក្ខខណ្ឌនៃការដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវច្បាប់ (បទល្មើសមជ្ឈិម ឬបទឧក្រិដ្ឋ)
    • កំពុងអនុវត្តទោសជាប់ពន្ធនាគារសម្រាប់បទឧក្រិដ្ឋ
    • កំពុងរង់ចាំការកាត់ក្តី។
  • កំពុងស្ថិតក្រោមការត្រួតពិនិត្យតាមលក្ខខណ្ឌ (Probation) ឬការដោះលែងឱ្យមានសេរីភាពក្រោមការឃ្លាំមើល (Parole)។
  • កំពុងស្ថិតក្រោមការឃ្លាំមើលជាកាតព្វកិច្ច (Mandatory Supervision) ។
  • កំពុងស្ថិតក្រោមការឃ្លាំមើលក្នុងសហគមន៍ក្រោយការដោះលែង (Post-Release Community Supervision)។
  • កំពុងស្ថិតក្រោមការដោះលែងដោយមានការឃ្លាំមើលរបស់សហព័ន្ធ (Federal Supervised Release)។
  • បុគ្គលដែលត្រូវបានតុលាការសម្រេចឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់តុលាការក្នុងនាមជាអនីតិជន (Juvenile Wardship Adjudication)។

បុគ្គលដែលមានប្រវត្តិពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ ដែល
មិនអាចចុះឈ្មោះបោះឆ្នោត និងមិនអាចបោះឆ្នោតបាន៖

  • កំពុងជាប់ឃុំនៅក្នុង៖
    • ពន្ធនាគាររដ្ឋ (រដ្ឋនិមួយៗ)
    • ពន្ធនាគារសហព័ន្ធ (សហរដ្ឋអាមេរិក) 
  • កំពុងអនុវត្តទោសក្នុងពន្ធនាគាររដ្ឋចំពោះបទឧក្រិដ្ឋ នៅក្នុងពន្ធនាគារខោនធី ឬមណ្ឌលកែប្រែផ្សេងទៀត*
  • បច្ចុប្បន្នកំពុងជាប់ឃុំនៅក្នុងពន្ធនាគារខោនធី ដោយរង់ចាំការផ្ទេរទៅពន្ធនាគាររដ្ឋ ឬពន្ធនាគារសហព័ន្ធ ដោយសារត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋ
  • បច្ចុប្បន្នកំពុងជាប់ឃុំនៅក្នុងពន្ធនាគារខោនធី ដោយសារបំពានលក្ខខណ្ឌនៃការដោះលែងឱ្យមានសេរីភាពក្រោមការឃ្លាំមើល (Parole) ។

     

តើខ្ញុំអាចចុះឈ្មោះបោះឆ្នោតបាននៅពេលណា?

មិនមានរយៈពេលរង់ចាំទេ។ អ្នកអាចចុះឈ្មោះ ឬចុះឈ្មោះឡើងវិញដើម្បីបោះឆ្នោតបានគ្រប់ពេល។ ដើម្បីមានសិទ្ធិបោះឆ្នោតក្នុងការបោះឆ្នោតមួយ អ្នកត្រូវតែចុះឈ្មោះបោះឆ្នោតយ៉ាងតិច 15 ថ្ងៃមុនថ្ងៃបោះឆ្នោត។

តើខ្ញុំអាចទទួលបានទម្រង់បែបបទសម្រាប់ចុះឈ្មោះបោះឆ្នោតបានដោយរបៀបណា?

សំរាប់ព័ត៌មានថែមទៀត សូមអានព័ត៌មានស្តីពីការចុះឈ្មោះបោះឆ្នោត។

ខ្ញុំបានចុះឈ្មោះបោះឆ្នោតនៅការិយាល័យនាយកដ្ឋានចុះបញ្ជីយាន្ដយន្ត (DMV)។ តើហេតុអ្វីបានជាខោនធីជូនដំណឹងថា ខ្ញុំមិនទាន់បានចុះឈ្មោះបោះឆ្នោត?

ពលរដ្ឋមួយចំនួនដែលគិតថាខ្លួនបានចុះឈ្មោះបោះឆ្នោតនៅការិយាល័យ DMV តាមពិតមិនទាន់បានចុះឈ្មោះនៅឡើយទេ។ ទោះបីជាពួកគេបានគូសធីកក្នុងប្រអប់នៅលើទម្រង់របស់ DMV ដើម្បីបញ្ជាក់ថាចង់ចុះឈ្មោះបោះឆ្នោតក៏ដោយ ក៏មនុស្សជាច្រើនបានភ្លេចបំពេញទម្រង់ចុះឈ្មោះបោះឆ្នោតដែលភ្ជាប់មកជាមួយ។ ដើម្បីក្លាយជាអ្នកបោះឆ្នោតដែលបានចុះឈ្មោះត្រឹមត្រូវ ត្រូវបំពេញ និងចុះហត្ថលេខាលើទម្រង់ចុះឈ្មោះបោះឆ្នោត។

ប្រសិនបើខ្ញុំទើបតែបានផ្លាស់ប្ដូរទីលំនៅ ហើយមិនបានចុះឈ្មោះបោះឆ្នោតឡើងវិញ? តើខ្ញុំនៅតែមានសិទ្ធិបោះឆ្នោតដែរឬទេ?

ប្រសិនបើអ្នកធ្លាប់បានចុះឈ្មោះបោះឆ្នោតនៅខោនធី Los Angeles ហើយមិនទាន់បានចុះឈ្មោះឡើងវិញទេ បន្ទាប់ពីផ្លាស់ប្តូរទីលំនៅទៅកាន់អាសយដ្ឋានថ្មីដែលនៅតែស្ថិតក្នុងព្រំដែនខោនធី អ្នកអាចបោះឆ្នោតនៅការិយាល័យបោះឆ្នោតដែលកំណត់សម្រាប់អាសយដ្ឋានថ្មីរបស់អ្នក។ អ្នកនឹងត្រូវបោះឆ្នោតដោយប្រើសន្លឹកឆ្នោតបណ្តោះអាសន្ន (Provisional Ballot) ហើយផ្តល់អាសយដ្ឋានថ្មី និងអាសយដ្ឋានចាស់របស់អ្នកនៅលើស្រោមសំបុត្រសម្រាប់សន្លឹកឆ្នោតបណ្តោះអាសន្ន។

ខ្ញុំចង់ចុះឈ្មោះបោះឆ្នោត និងបោះឆ្នោត ប៉ុន្ដែខ្ញុំជាបុគ្គលសាធារណៈ។ តើអាសយដ្ឋានរបស់ខ្ញុំនឹងត្រូវផ្សព្វផ្សាយជាសាធារណៈដែរឬទេ?

យោងតាមច្បាប់រដ្ឋដែលកំពុងអនុវត្ត បញ្ជីព័ត៌មានស្តីពីការចុះឈ្មោះបោះឆ្នោត គឺជាកំណត់ត្រាសាធារណៈ។ ទោះជាយ៉ាងណា ការចូលមើលព័ត៌មានជាក់លាក់របស់អ្នកបោះឆ្នោត រួមទាំងអាសយដ្ឋានលំនៅឋាន និងលេខទូរស័ព្ទ ត្រូវបានដាក់កម្រិត។ បុគ្គលណាក៏ដោយអាចស្នើសុំឱ្យរក្សាការសម្ងាត់នៃអាសយដ្ឋានលំនៅឋាន លេខទូរស័ព្ទ និងអាសយដ្ឋានអ៊ីមែលរបស់ខ្លួនបាន ប្រសិនបើមានដីកាបង្គាប់របស់តុលាការជាន់ខ្ពស់ (Superior Court) ឬប្រសិនបើបង្ហាញលិខិតបញ្ជាក់ថាបុគ្គលនោះជាអ្នកចូលរួមក្នុងកម្មវិធីរក្សាការសម្ងាត់អាសយដ្ឋានរបស់រដ្ឋលេខាធិការ (Secretary of State) និងសម្រាប់ជនរងគ្រោះនៃអំពើហិង្សាក្នុងគ្រួសារ និងការតាមយាយី (Address Confidentiality for Victims of Domestic Violence and Stalking Program)។

បុគ្គលណាដែលត្រូវបានអនុញ្ញាតឱ្យរក្សាការសម្ងាត់ក្រោមកាលៈទេសៈទាំងនេះ នឹងត្រូវចាត់ទុកជាអ្នកអវត្តមានបោះឆ្នោត (Absentee Voter) សម្រាប់ការបោះឆ្នោតទាំងអស់របស់ខោនធីនៅពេលបន្ទាប់ៗ រហូតដល់ខោនធីទទួលបានការជូនដំណឹងផ្សេងពីនេះពីតុលាការ ការិយាល័យរដ្ឋលេខាធិការ ឬជាលាយលក្ខណ៍អក្សរពីអ្នកបោះឆ្នោត។

ករណីលើកលែង ៖ ព័ត៌មានអ្នកបោះឆ្នោតអាចផ្តល់ជូនដល់ ៖

  • បេក្ខជនឈរឈ្មោះបោះឆ្នោត
  • គណៈកម្មាធិការយុទ្ធនាការឃោសនាបោះឆ្នោត
  • បុគ្គលដែលទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់ព័ត៌មាននេះ សម្រាប់គោលបំណងបោះឆ្នោត ការសិក្សាស្រាវជ្រាវ ការសារព័ត៌មាន នយោបាយ ឬកិច្ចការរដ្ឋាភិបាល
ខ្ញុំទើបក្លាយជាពលរដ្ឋថ្មីទើបចូលសញ្ជាតិក្រោយផុតកំណត់ថ្ងៃចុះឈ្មោះ។ តើខ្ញុំនៅតែអាចចុះឈ្មោះ និងបោះឆ្នោតបានដែរឬទេ?

បាទ/ចាស!បុគ្គលដែលទទួលបានសញ្ជាតិបន្ទាប់ពីផុតកំណត់រយៈពេលចុះឈ្មោះបោះឆ្នោត អាចចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតបានរហូតដល់ថ្ងៃបោះឆ្នោត។ អ្នកត្រូវចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតតែនៅការិយាល័យកណ្តាល Norwalk ប៉ុណ្ណោះ។ ពលរដ្ឋថ្មីត្រូវបង្ហាញវិញ្ញាបនបត្រចូលសញ្ជាតិ (Certificate of Naturalization) និងប្រកាសថាខ្លួនបានតាំងទីលំនៅក្នុងខោនធី Los Angeles រួចហើយ។

តើខ្ញុំអាចចុះឈ្មោះបោះឆ្នោតដោយប្រើអាសយដ្ឋានកន្លែងធ្វើអាជីវកម្មរបស់ខ្ញុំ ឬប្រើលេខប្រអប់សំបុត្រប្រៃសនីយ៍ (P.O.Box) បានដែរឬទេ?

ទេ! បុគ្គលម្នាក់ៗអាចចុះឈ្មោះបោះឆ្នោតបានតែនៅអាសយដ្ឋានទីលំនៅរបស់ខ្លួនប៉ុណ្ណោះ។ អាសយដ្ឋានកន្លែងធ្វើអាជីវកម្ម ឬលេខប្រអប់សំបុត្រប្រៃសណីយ៍ (P.O. Box) អាចប្រើបានតែជាអាសយដ្ឋានសម្រាប់ទទួលសំបុត្រប៉ុណ្ណោះ។

ខ្ញុំគឺជានិស្សិតមហាវិទ្យាល័យដែលស្នាក់នៅក្នុង ឬជុំវិញបរិវេណសាលារៀន ដែលនៅឆ្ងាយពីគេហដ្ឋាន។ តើខ្ញុំអាចចុះឈ្មោះដោយប្រើប្រាស់អាសយដ្ឋានមហាវិទ្យាល័យរបស់ខ្ញុំបានដែរឬទេ?

ដូចពលរដ្ឋទាំងអស់ដែលមានសិទ្ធិបោះឆ្នោត និស្សិតមហាវិទ្យាល័យគ្រប់រូបអាចជ្រើសរើសចុះឈ្មោះបោះឆ្នោតដោយប្រើអាសយដ្ឋានលំនៅឋាននៅមហាវិទ្យាល័យ ឬអាសយដ្ឋានលំនៅឋានរបស់គ្រួសារខ្លួន។ ច្បាប់រដ្ឋកាលីហ្វ័រញ៉ា (ក្រមបោះឆ្នោត មាត្រា 2025) អនុញ្ញាតឱ្យនិស្សិតមហាវិទ្យាល័យកំណត់ទីលំនៅអចិន្ត្រៃយ៍ ឬទីលំនៅស្របច្បាប់នៅកន្លែងដែលពួកគេសិក្សា ប្រសិនបើពួកគេចង់ធ្វើដូច្នោះ។

ខ្ញុំមិនបានបោះឆ្នោតក្នុងការបោះឆ្នោតលើកចុងក្រោយទេ។ តើខ្ញុំចាំបាច់ត្រូវចុះឈ្មោះបោះឆ្នោតឡើងវិញដែរឬទេ?

ទេ! អ្នកនៅតែមានសុពលភាពជាអ្នកបានចុះឈ្មោះបោះឆ្នោត ដរាបណាអ្នកបន្តរស់នៅអាសយដ្ឋានដដែល ហើយអ្នកនឹងបន្តទទួលបានឯកសារពាក់ព័ន្ធនឹងការបោះឆ្នោតតាមប្រៃសណីយ៍។ ទោះជាយ៉ាងណា ប្រសិនបើអ្នកផ្លាស់ប្តូរទៅអាសយដ្ឋានផ្សេង ឬមិនបានបោះឆ្នោតក្នុងការបោះឆ្នោតជាច្រើនលើកចុងក្រោយ អ្នកអាចទទួលបានសេចក្តីជូនដំណឹងស្នើសុំឱ្យអ្នកបញ្ជាក់ថាអ្នកមិនបានផ្លាស់ប្តូរទីលំនៅ ឬផ្តល់ព័ត៌មានអំពីអាសយដ្ឋានលំនៅឋានបច្ចុប្បន្នរបស់អ្នក។ ការចុះឈ្មោះបោះឆ្នោតរបស់អ្នកអាចត្រូវបានលុបចោល ប្រសិនបើអ្នកមិនឆ្លើយតបនឹងលិខិតស្នើសុំបញ្ជាក់អាសយដ្ឋាន ឬប្រសិនបើអ្នកមិនបានបោះឆ្នោតក្នុងការបោះឆ្នោតណាមួយដែលប្រព្រឹត្តទៅចាប់ពីថ្ងៃផ្ញើលិខិតនោះ រហូតដល់ការបោះឆ្នោតទូទៅ សហព័ន្ធ ពីរលើកជាប់ៗគ្នា។

តើតម្រូវឱ្យមានឯកសារបញ្ជាក់អត្តសញ្ញាណ ដើម្បីចុះឈ្មោះបោះឆ្នោតដែរឬទេ?

ក្រមជួយអាមេរិកបោះឆ្នោត (HAVA) ចែងថា បុគ្គលមួយរូបៗ ដែលចុះឈ្មោះបោះឆ្នោតលើកដំបូងក្នុងរដ្ឋ/យត្តាធិច្បាប់ស្តីពីការជួយសម្រួលដល់ការបោះឆ្នោតនៅសហរដ្ឋអាមេរិក (Help America Vote Act – HAVA) កំណត់ថា បុគ្គលដែលចុះឈ្មោះបោះឆ្នោតជាលើកដំបូងក្នុងរដ្ឋ ឬដែនសមត្ថកិច្ចនោះ ត្រូវផ្តល់លេខបណ្ណបើកបររដ្ឋកាលីហ្វ័រញ៉ាដែលមានសុពលភាព ឬលេខបណ្ណសម្គាល់អត្តសញ្ញាណដែលចេញដោយរដ្ឋ។ អ្នកដាក់ពាក្យដែលមិនមានឯកសារទាំងពីរប្រភេទនេះ អាចផ្តល់លេខបួនខ្ទង់ចុងក្រោយនៃលេខសន្តិសុខសង្គម (Social Security Number) របស់ខ្លួន។ ប្រសិនបើអ្នកបោះឆ្នោតផ្តល់លេខបណ្ណបើកបរ ឬលេខបណ្ណសម្គាល់អត្តសញ្ញាណរបស់រដ្ឋ ដែលអាចផ្ទៀងផ្ទាត់ផ្គូផ្គងនឹងកំណត់ត្រារបស់រដ្ឋបាន នោះអ្នកបោះឆ្នោតមិនចាំបាច់បង្ហាញឯកសារបញ្ជាក់អត្តសញ្ញាណនៅពេលបោះឆ្នោតឡើយ។

ប្រសិនបើបុគ្គលណាម្នាក់ចុះឈ្មោះបោះឆ្នោតតាមប្រៃសណីយ៍ មិនធ្លាប់បានបោះឆ្នោតក្នុងការបោះឆ្នោតសហព័ន្ធសម្រាប់តំណែងពីមុនមក និង៖

  • បោះឆ្នោតដោយផ្ទាល់៖ ត្រូវបង្ហាញឯកសារបញ្ជាក់អត្តសញ្ញាណដែលមានរូបថត ឬឯកសារដែលបញ្ជាក់ឈ្មោះ និងអាសយដ្ឋានលំនៅឋានរបស់អ្នកបោះឆ្នោត។
  • បោះឆ្នោតតាមប្រៃសណីយ៍៖ ត្រូវផ្តល់ច្បាប់ចម្លងនៃឯកសារបញ្ជាក់អត្តសញ្ញាណដែលមានរូបថត ឬឯកសារដែលមានទាំងឈ្មោះ និងអាសយដ្ឋានលំនៅឋានរបស់អ្នកបោះឆ្នោត។
តើខ្ញុំអាចបោះឆ្នោតបានដែរឬទេ ប្រសិនបើបច្ចុប្បន្នខ្ញុំកំពុងជាប់ឃុំ?

ប្រជាពលរដ្ឋក្នុងរដ្ឋកាលីហ្វ័រញ៉ាជាច្រើនដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារខោនធី Los Angeles នៅតែមានសិទ្ធិបោះឆ្នោត។ ព័ត៌មានស្តីពីការបោះឆ្នោតសម្រាប់អ្នកជាប់ឃុំ (Inmate Voting) អាចស្វែងរកបាននៅលើគេហទំព័ររបស់យើង ការបោះឆ្នោតសម្រាប់ទណ្ឌិត។

តើហេតុអ្វីបានជានាយកដ្ឋានយានយន្ត DMV មានតួនាទីពាក់ព័ន្ធនឹងការចុះឈ្មោះបោះឆ្នោត?

ច្បាប់ជាតិស្តីពីការចុះឈ្មោះអ្នកបោះឆ្នោតឆ្នាំ 1993 (National Voter Registration Act of 1993) ដែលគេស្គាល់ផងដែរថាជា ច្បាប់ស្តីពីការចុះឈ្មោះអ្នកបោះឆ្នោតតាមរយៈនាយកដ្ឋានយានយន្ត (Motor Voter Act) អនុញ្ញាតឱ្យបុគ្គលដែលមកបំពេញកិច្ចការនៅការិយាល័យនាយកដ្ឋានយានយន្ត (DMV) ចុះឈ្មោះបោះឆ្នោត ឬធ្វើបច្ចុប្បន្នភាពព័ត៌មានចុះឈ្មោះបោះឆ្នោតរបស់ខ្លួន។

តើគួរធ្វើដូចម្តេច ប្រសិនបើឈ្មោះ អាសយដ្ឋាន ឬគណបក្សនយោបាយដែលខ្ញុំបានចុះបញ្ជាក់មានការផ្លាស់ប្ដូរ?

សូមបំពេញ និងដាក់ស្នើទម្រង់ចុះឈ្មោះបោះឆ្នោតថ្មី ដោយបញ្ចូលព័ត៌មានថ្មីរបស់អ្នក។ ព័ត៌មានចុះឈ្មោះបោះឆ្នោតរបស់អ្នកគួរតែបង្ហាញអាសយដ្ឋានលំនៅឋានបច្ចុប្បន្នរបស់អ្នកជានិច្ច ដើម្បីធានាថា អ្នកទទួលបានឯកសារបោះឆ្នោតត្រឹមត្រូវ ពាក់ព័ន្ធនឹងបេក្ខជន និងវិធានការដែលអ្នកមានសិទ្ធិបោះឆ្នោតលើនោះ។

តើខ្ញុំអាចចុះហត្ថលេខាលើញត្តិបានដែរឬទេ ប្រសិនបើខ្ញុំមិនបានចុះឈ្មោះបោះឆ្នោត?

ទេ! អ្នកត្រូវតែជាអ្នកបោះឆ្នោតដែលបានចុះឈ្មោះរួចហើយ ទើបហត្ថលេខារបស់អ្នកនៅលើញត្តិមានសុពលភាព។ ប្រសិនបើអ្នកបំពេញ និងចុះហត្ថលេខាលើទម្រង់ចុះឈ្មោះបោះឆ្នោតនៅថ្ងៃតែមួយ ឬមុនថ្ងៃចុះហត្ថលេខាលើញត្តិ ហត្ថលេខារបស់អ្នកនឹងមានសុពលភាព។ មន្ត្រីទទួលបន្ទុកការបោះឆ្នោតត្រូវតែទទួលបានទម្រង់ចុះឈ្មោះបោះឆ្នោតដែលបានបំពេញ និងចុះហត្ថលេខារួច នៅថ្ងៃដាក់ញត្តិជូនការិយាល័យបោះឆ្នោត ឬមុនថ្ងៃនោះ។

តើពិតមែនឬទេដែលថា បញ្ជីឈ្មោះអ្នកបោះឆ្នោតដែលបានចុះឈ្មោះ ត្រូវបានប្រើដើម្បីជ្រើសរើសប្រជាពលរដ្ឋឱ្យបំពេញកាតព្វកិច្ចជាសមាជិកគណៈវិនិច្ឆ័យ (Jury Duty)?

បាទ/ចាស! ច្បាប់រដ្ឋកាលីហ្វ័រញ៉ាតម្រូវឱ្យផ្តល់បញ្ជីឈ្មោះអ្នកបោះឆ្នោតដែលបានចុះឈ្មោះជូនស្នងការទទួលបន្ទុកគណៈវិនិច្ឆ័យ (Jury Commissioner) ដើម្បីប្រើប្រាស់ក្នុងការជ្រើសរើសសមាជិកគណៈវិនិច្ឆ័យសម្រាប់បំពេញកាតព្វកិច្ចជាសមាជិកគណៈវិនិច្ឆ័យ (Jury Duty)។ ប្រភពមួយទៀតសម្រាប់ការជ្រើសរើសសមាជិកគណៈវិនិច្ឆ័យ គឺបញ្ជីអ្នកកាន់បណ្ណបើកបរ និងអ្នកកាន់បណ្ណសម្គាល់អត្តសញ្ញាណរបស់នាយកដ្ឋានយានយន្ត (DMV) ដែលរស់នៅក្នុងតំបន់ស្ថិតក្រោមដែនសមត្ថកិច្ចរបស់តុលាការ។

ប្រសិនបើខ្ញុំលុបចោលការចុះឈ្មោះបោះឆ្នោតរបស់ខ្ញុំ តើខ្ញុំអាចប្រាកដបានដែរឬទេថា ខ្ញុំនឹងមិនទទួលបានលិខិតកោះហៅឱ្យបំពេញកាតព្វកិច្ចជាសមាជិកគណៈវិនិច្ឆ័យ (Jury Duty)?

ទេ! ផ្នែកសេវាកម្មគណៈវិនិច្ឆ័យ (Jury Services Division) ស្នើសុំបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលមានសុពលភាព និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលបានលុបចោលការចុះឈ្មោះ។ លើសពីនេះ ច្បាប់រដ្ឋកាលីហ្វ័រញ៉ាតម្រូវឱ្យបញ្ជីឈ្មោះអ្នកកាន់បណ្ណបើកបរ ដែលទទួលបានពីនាយកដ្ឋានយានយន្ត (DMV) ត្រូវផ្តល់ជូនស្នងការទទួលបន្ទុកគណៈវិនិច្ឆ័យ (Jury Commissioner)។ សម្រាប់ព័ត៌មានអំពីលិខិតកោះហៅឱ្យបំពេញកាតព្វកិច្ចជាសមាជិកគណៈវិនិច្ឆ័យ (Jury Summons) សូមទូរស័ព្ទទៅលេខ (213) 974-5332 ឬ (213) 974-5333 ឬចូលមើលគេហទំព័រសេវាកម្មគណៈវិនិច្ឆ័យរបស់ខោនធី Los Angeles (Los Angeles County Jury Services)។ សេវាកម្មផ្នែកគណៈវិនិច្ឆ័យខោនធី Los Angeles។

ខ្ញុំនិយាយភាសាផ្សេង តើខ្ញុំចុះឈ្មោះបោះឆ្នោតបានដោយរបៀបណា?

ប្រសិនបើអ្នកត្រូវការទម្រង់ចុះឈ្មោះបោះឆ្នោតជាភាសាផ្សេងនានា យើងអាចជួយអ្នកបាន។ ការិយាល័យនៃមន្ត្រីចុះបញ្ជី-មន្ត្រីកត់ត្រា/ស្មៀនខោនធី (RR/CC) ផ្តល់ជូនទម្រង់ចុះឈ្មោះបោះឆ្នោតជា 10 ភាសា ដោយអនុលោមតាមច្បាប់សហព័ន្ធ និងច្បាប់រដ្ឋ រួមមាន៖ ភាសាចិន អង់គ្លេស ហិណ្ឌូ ជប៉ុន ខ្មែរ កូរ៉េ អេស្ប៉ាញ តាហ្គាឡុក ថៃ និងវៀតណាម។

ដើម្បីស្នើសុំឯកសារបោះឆ្នោតជាភាសាខ្មែរ សូមទូរស័ព្ទទៅលេខ 213-358-2734។

Icon - Close